កំពង់ឆ្នាំង៖ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីជនដៃដល់រូបនេះ បានកាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា នៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនដៃដល់ដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។ ចំណែកជនរងគ្រោះឈ្មោះ ច្រឹក ខាត់ អាយុ ១៨ឆ្នាំ មានទីលុះនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវត្តថ្មកែវមានក្រុមសម្ដែងល្ខោនលក់សំបុត្រ ប៉ុន្តែយប់នោះមិនបានសម្ដែងទេ ដោយសារក្រុមល្ខោនលក់សំបុត្របានតិចពេក ។ នៅយប់នោះ ម៉ោងប្រហែលជាង១០ ជនរងគ្រោះត្រូវបានមិត្តភក្តិឌុបម៉ូតូចេញពីកន្លែងមើលល្ខោនក្នុងវត្តថ្មកែវវិញ ពេលចេញផុតមុខក្លោងទ្វាវត្ត ស្រាប់តែត្រូវជនដៃដល់កាប់ពីក្រោយ នឹងកាំបិតផ្គាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់ និងបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមិត្តភ័ក្រជាអ្នកបើកម៉ូតូឌុបជនរងគ្រោះគ្រាន់តែរបួសស្រាល ។
ក្រោយធ្វើការការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញទើបសម្រេចឃាត់ខ្លួនជនដៃដល់ដែលមានឈ្មោះ វ៉ាន់ ដែន នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។ នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា៖ ខ្លួនពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះពិតមែនដោយរឿងគំនុំព្រោះធ្លាប់មានទំនាស់ជាមួយគ្នា។
ក្រោយការសាកសួរ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

