កណ្តាល៖ ក្មេងទំនើង៤ នាក់ក្នុងចំណោមបក្សពួកចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ កសាងផ្តុំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ក្រោយព្រួតគ្នាវាយគូបក្សដិបក្សដើម្បីរំសាយគំនុំចាស់ ខណៈ៣នាក់ទៀតកំពុងរត់គេចនៅឡើយ ។
វរៈសេនីយ៍ទោ ប៉ា ចន្ធ័វិសាល អធិការរងនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ជនសង្ស័យជាក្មេងទំនើងបង្កហឹង្សាទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួស កាលពីយប់ថ្ងៃទី៣១ តុលា ២០២៣កន្លងទៅ ហើយត្រូវបានកម្លាំងយើងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីយប់កើតហេតុ និងថ្ងៃទី០១ វិច្ឆកា កន្លងទៅនេះ រួមមាន ទី១ ឈ្មោះ ពង្ស សុធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកដឹកជញ្ជូន រស់នៅភូមិតារាបដូនស ឃុំគគីរ (ជាជនដៃដល់) ទី២ ឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លាបតោអោន ឃុំគគីរ ទី៣ ឈ្មោះអ៊ឹង សុធា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ (អ្នកទាំង២ជាអ្នកចូលរួម) និងទី៤ ឈ្មោះ ពាង ធារ៉ា ហៅជ័រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិតារាបដូន ស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជនដៃដល់) បានបញ្ជូនទៅតុលាការហើយកាលពីព្រឹកថ្ងៃទី០២ វិច្ឆកា ២០២៣នេះ។
លោកអធិការរងបានបន្ថែមថា រវាងជនរងគ្រោះនិងក្រុមជនសង្ស័យគឺធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ហើយកាលពីវេលាម៉ោង១៩និង១០នាទីយប់ថ្ងៃទី៣១ តុលា កន្លងទៅ ជនរងគ្រោះឈ្មោះ ពៅ រតនៈ ភេទប្រុស អាយុ២០ឆ្នាំ បានកំពុងឈរនោមនៅក្បែររបងមុខផ្ទះរបស់ខ្លួន។ ខណៈក្រុមជនសង្ស័យចំនួន៧នាក់ បានជិះម៉ូតូចំនួន៤គ្រឿងមកដល់ ក៏បានឈប់ព្រួតគ្នាវាយបណ្តាលឱ្យរងរបួសដួលលើដី ឃើញដូច្នេះ អ្នកជិតខាងក៏ជួយឃាត់ ហើយក្រុមជនសង្ស័យចំនួន៦នាក់ ក៏រត់ឡើងម៉ូតូជិះរត់គេច នៅសល់ឈ្មោះ ពង្ស សុធារិទ្ធ ដែលរត់មិនទាន់គេ ក៏ត្រូវប្រជាពលរដ្ឋចាប់ឃាត់ទុក និងរាយការណ៍មកសមត្ថកិច្ច។ ក្រោយពីនាំ ពង្ស សុធារិទ្ធ មកប៉ុស្តិធ្វើការសាកសួរ រូបគេបានឆ្លើយថា មុនកើតហេតុខ្លួននិងបក្សពួកចំនួន៦នាក់ទៀត បានជិះម៉ូតូចំនួន៤គ្រឿង ចេញពីតារាងបាល់ទះនៅភូមិតារាបដូន ស ឃុំគគីរ ដពេលមកដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះដែលធ្លាប់មានទំនាស់ហ្នឹងគ្នាឈរនោមក្បែររបងផ្ទះ ក៏បាននាំគ្នាឈប់ម៉ូតូ ចុះទៅព្រួតវាយ។ លុះដល់ឱ្យ២៣និង០៥នាទីយប់ថ្ងៃដដែល ឈ្មោះ ជុំ សុខហេង ក៏បានចូលខ្លួនមកប៉ុស្តិសារភាព ហើយរហូតដល់វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០១ វិច្ឆកា កម្លាំងយើងក៏ស្រាវជ្រាវតាមឃាត់ខ្លួនបាន២នាក់ទៀត និងបានទទួលស្គាល់ថា ពួកគេពិតជាបានរួមគ្នាធ្វើសកម្ម ភាពព្រួតវាយទៅលើជនរងគ្រោះប្រាកដមែន ហើយក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងតាមរកឃាត់បក្សពួករបស់គេ៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន មិនឱ្យគេចផុតពីសំណាញ់ច្បាប់ជាដាច់ខាត៕

