Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អាជ្ញាធរស្រុកពញាឮបន្តស្ងាត់ឈឹង ខណៈករណីចាក់ដីរំលោភទន្លេទី២ លេចរូបរាងឡើងទល់មុខគ្នា
    សន្តិសុខសង្គម

    អាជ្ញាធរស្រុកពញាឮបន្តស្ងាត់ឈឹង ខណៈករណីចាក់ដីរំលោភទន្លេទី២ លេចរូបរាងឡើងទល់មុខគ្នា

    March 8, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

     «តើអាជ្ញាធរ និងមន្ត្រីជំនាញស្រុកពញាឮ ពិតជាមើលមិនឃើញ ឬមួយកំពុងត្រូវថ្នាំសណ្តំរបស់ម្ចាស់ដី ទើបបណ្តែតបណ្តោយឱ្យមានករណីចាក់ដីរំលោភទន្លេកើតឡើងយ៉ាងគគ្រឹកគគ្រេងដល់ទៅ២ទីតាំងទល់មុខគ្នាបែបនេះ? គ្រាន់តែឈរពីទីតាំងទី១នៅឃុំព្រែកតាទែន ក្រឡេកមើលរំលងទន្លេទៅត្រើយម្ខាង យើងបានប្រទះឃើញសកម្មភាពរំលោភផ្ទៃទន្លេទី២ដ៏ធំសម្បើម ដែលកំពុងកកាយដីចាក់ចូលទន្លេយ៉ាងរលូន ដោយគ្មានការទប់ស្កាត់ទាល់តែសោះ។»

    «នេះគឺជាទីតាំងទី២ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ កាលពីថ្ងៃទី៣មីនា ពេលដែលយើងចុះទៅដល់ទីតាំងផ្ទាល់ យើងសង្កេតឃើញថា ទីតាំងនៅឃុំកំពង់អុសនេះ ក៏កំពុងមានសកម្មភាពចាក់ដីរំលោភផ្ទៃទន្លេយ៉ាងធំសម្បើម ដូចគ្នាបេះបិទទៅនឹងទីតាំងនៅឃុំព្រែកតាទែនដែរ។ បើយើងមើលតាមភូមិសាស្ត្រ ទីតាំងទាំង២នេះគ្រាន់តែខុសផ្លូវ និងខុសឃុំគ្នាប៉ុណ្ណោះ ប៉ុន្តែបើឈរពីច្រាំងម្ខាងមើលទៅច្រាំងម្ខាងទៀត គឺឃើញសកម្មភាពចាក់ដីរំលោភទន្លេនេះយ៉ាងច្បាស់កែវភ្នែកតែម្តង។

    ជាទូទៅ ការចាក់ដីរំលោភយកផ្ទៃទឹកសាធារណៈរបស់រដ្ឋទំហំធំធេងបែបនេះ មិនអាចធ្វើទៅបានដោយងាយៗឡើយ លុះត្រាតែមានការសិក្សាច្បាស់លាស់ និងមានលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ។ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនិងឧតុនិយម បានចែងយ៉ាងតឹងរ៉ឹងបំផុតក្នុងការហាមឃាត់រាល់ការកែប្រែ ឬការធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិ។ តើម្ចាស់ដីទាំង២ទីតាំងនេះ មានច្បាប់អនុញ្ញាតនៅក្នុងដៃ ឬមួយក៏កំពុងអាងខ្នងអ្នកធំណា ទើបហ៊ានថ្លើមធំបែបនេះ?

    ដើម្បីស្វែងរកតុល្យភាពព័ត៌មានជុំវិញភាពមិនប្រក្រតីនេះ ក្រុមការងារ ដឹរៀលញូស៍ បានព្យាយាមទាក់ទងតាមតេឡេក្រាម (Telegram) ទៅកាន់ថ្នាក់ដឹកនាំ៣ស្ថាប័ន រួមមានលោកអភិបាលស្រុកពញាឮ លោកប្រធានមន្ទីរធនធានទឹកខេត្ត និងលោកមេឃុំកំពង់អុស។ យើងបានដាក់សំណួរយ៉ាងច្បាស់លាស់ពាក់ព័ន្ធនឹងទីតាំងទាំង២នេះ ប៉ុន្តែអ្វីដែលទទួលបានគឺមានតែភាពស្ងៀមស្ងាត់។ ពួកគាត់បានត្រឹមតែចូលមើលសារ រួចក៏មិនមានការឆ្លើយតបទាល់តែសោះ។

    អាថ៌កំបាំងនៅពីក្រោយខ្នងម្ចាស់ដី ដែលអាចធ្វើឱ្យអាជ្ញាធរ និងជំនាញថ្នាក់មូលដ្ឋាននៅស្រុកពញាឮបិទមាត់ឈឹងនេះ កំពុងក្លាយជាប្រធានបទក្តៅគគុក។ មហាជនកំពុងងាកសម្លឹងទៅរករដ្ឋបាលខេត្តកណ្តាល ជាពិសេសរង់ចាំមើលចំណាត់ការរបស់ ឯកឧត្តម គួច ចំរើន ថាតើឯកឧត្តមនឹងប្រើប្រាស់អំណាចរដ្ឋបាល ចុះអន្តរាគមន៍បញ្ឈប់សកម្មភាព និងតម្រូវឱ្យកាយដីចេញពីទន្លេវិញ ដូចដែលធ្លាប់វាយបំបែកភាពអសកម្មនៅខេត្តព្រះសីហនុដែរឬទេ?

    អង្គភាព ដឹរៀលញូស៍ នឹងបន្តស៊ើបអង្កេតតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីលាតត្រដាងការពិតជូនសាធារណជននៅពេលក្រោយទៀត… សូមរង់ចាំតាមដានទាំងអស់គ្នា!

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.