Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ទើបចេញពីគុកភ្លាម លួចចងទ្វារបន្ទប់អ្នកជិតខាងចូលលួចទូរស័ព្ទ ត្រូវប៉ូលិសចាប់បញ្ជូនទៅតុលាការជាលើកទី៤
    សន្តិសុខសង្គម

    ទើបចេញពីគុកភ្លាម លួចចងទ្វារបន្ទប់អ្នកជិតខាងចូលលួចទូរស័ព្ទ ត្រូវប៉ូលិសចាប់បញ្ជូនទៅតុលាការជាលើកទី៤

    February 20, 20263 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ ៣លើក ទើបនឹងចេញមកវិញ បានធ្វើសកម្មភាពយកខ្សែចងទ្វារបន្ទប់អ្នកជិតខាងពីខាងក្រៅ រួចលួចយកទូរស័ព្ទ ២គ្រឿង តាមបង្អួចយកទៅលក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅស្រាវជ្រាវចាប់ខ្លួនបានសម្រេច។ អំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី១៤ កុម្ភៈ ២០២៦ វេលាម៉ោង ២៣ និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឃួន ចាន់នីតា ហៅ អាតា (ប្រុស, ៣៥ឆ្នាំ) មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ៣លើក (ពីបទលួច រំលោភលើទំនុកចិត្ត និងហិង្សាដោយចេតនា)។ ចំណែកឯជនរងគ្រោះឈ្មោះ កេត ម៉ាញ៉ុល (ប្រុស, ៥១ឆ្នាំ) មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសង្កាត់កើតហេតុជាមួយគ្នា ហើយសម្ភារៈដែលបាត់បង់មានទូរស័ព្ទដៃ ២គ្រឿង ម៉ាកវីវ៉ូ និងហួវៃ។

    លោកអធិការបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៤ កុម្ភៈ ២០២៦ ម៉ោង ២៣ និង៣០នាទី ជនរងគ្រោះបានយកទូរស័ព្ទដៃ ៣គ្រឿង បញ្ចូលថ្មនៅលើម៉ាស៊ីនកាត់ដេរក្បែរបង្អួចរួចចូលសម្រាក។ លុះដល់ម៉ោង ៥ និង០០នាទីទាបភ្លឺ ថ្ងៃទី១៥ កុម្ភៈ ជនរងគ្រោះភ្ញាក់ពីដំណេកបម្រុងដើរទៅហាត់ប្រាណ ស្រាប់តែឃើញបង្អួចបើកចំហរ។ ឃើញដូច្នេះ ជនរងគ្រោះក៏ស្ទុះទៅបើកទ្វារ តែត្រូវបានជនសង្ស័យយកខ្សែចងទ្វារជាប់ពីក្រៅមិនឲ្យចេញរួច ទើបជនរងគ្រោះកន្ត្រាក់ទ្វារឲ្យរបើក និងស្រាយខ្សែចេញ រួចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនឲ្យជួយស្រាវជ្រាវ។

    លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បើកការស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃទី១៨ កុម្ភៈ ២០២៦ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះ ២គ្រឿង ប្រាកដមែន ដោយយកទៅលក់ឲ្យនារីម្នាក់មិនស្គាល់ឈ្មោះក្នុងតម្លៃ ៥ម៉ឺនរៀលក្នុង ១គ្រឿង។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការជាលើកទី៤៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.