លោក ស្រី ចន្ធូ អតីតអភិបាលក្រុមហ៊ុន 7NG បានបង្ហោះសារថ្មីតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា៖ “គិតមកត្រឹមថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ នេះ យើងខ្ញុំទាំងពីរនាក់ លោក ស្រី ចន្ធូ និងភរិយា ឡុង នាងវចនា នៅតែពុំទាន់បានទទួលលិខិត ឯកសារ ឬភស្តុតាងជាក់លាក់ជាផ្លូវការណាមួយពីក្រុមហ៊ុន 7NG ដែលបញ្ជាក់ថា យើងខ្ញុំទាំងពីរនាក់បានលួចកិបកេងប្រាក់របស់ក្រុមហ៊ុន 7NG អំឡុងឆ្នាំ ២០០៦-២០១១ អស់រយះពេល ១៤ឆ្នាំកន្លងមក ដែលដើមបណ្តឹងរួមមាន: លោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា ស្រី សុធា លោក ស្រី ចន្ថា និងលោកស្រី ស្រី សុធារិទ្ធិ នៅឡើយទេ។”
លោក ស្រី ចន្ធូ បានបន្តថា៖ “នេះសបញ្ជាក់ឲ្យឃើញច្បាស់អំពីចេតនា ការលាបពណ៌ ការច្រណែន ការឈ្នានីស ភាពលោភលន់ ការមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងជាល្បិចកលដើម្បីយកបញ្ហាអតិថិជនរបស់ក្រុមហ៊ុន 7NG ធ្វើជាលេសលេបយកទ្រព្យសម្បត្តិលើទីតាំងដី ៦៩ក្បាលដីរបស់យើងខ្ញុំ ដែលជាកម្មសិទ្ធិដី (ប្លង់រឹង) ស្របច្បាប់ មានទីតាំងនៅ ក្រុងអរិយក្សត្រ និងស្រុកល្វាឯម ដែលយើងខ្ញុំទាំងពីរនាក់បានកាន់កាប់ គ្រប់គ្រង និងអភិវឌ្ឍន៍ជាតំបន់អាជីវកម្មជូនប្រជាពលរដ្ឋចំនួនប្រហែល ៥០០គ្រួសារ ក្នុងនោះមានដូចជា៖ ផ្សារ ផ្ទះអាជីវកម្ម សាលារៀន អាគារ ឃ្លាំង និងកសិដ្ឋានចិញ្ចឹមគោ… ជាដើម អស់រយះពេល ២៣ឆ្នាំ កន្លងមក។”
គួររំលឹកថា៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ស្រី ចន្ធូ ធ្លាប់បានបង្ហោះសារតាមហ្វេសប៊ុក និងចេញលិខិតស្នើសុំបញ្ជាក់ទៅលោកអភិបាលក្រុមហ៊ុន ៧អិនជី គ្រុប ដោយទាមទារឲ្យក្រុមហ៊ុនបង្ហាញភស្តុតាងពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកកិបកេងប្រាក់ក្រុមហ៊ុន អំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ឲ្យបាន មុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។ ក្នុងពេលនោះដែរ លោកបានបង្ហាញភស្តុតាងដ៏សំខាន់គឺ ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ ២៩២ អ.យ.ញ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ និង សេចក្តីសម្រេចតម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ២៧៦ ស.ត.ប្រក ០២៥ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ ដីកាទាំងនេះត្រូវបានចេញ ដោយសារតែភាគីដើមបណ្តឹង (ក្រុមហ៊ុន ៧អិនជី គ្រុប) ពុំមានភស្តុតាង និងឯកសារជាក់លាក់ ជុំវិញការចោទប្រកាន់កិបកេងប្រាក់។លោក ស្រី ចន្ធូ ក៏បានចោទជាសំណួរធំៗទៅក្រុមហ៊ុនវិញ រួមមាន៖ ក្រុមហ៊ុន ៧ អិនជី គ្រុប ថ្មី បានចោទយើងខ្ញុំកិបកេងប្រាក់ក្រុមហ៊ុន ចុះហេតុអ្វីបានជាមកដាក់ពាក្យបណ្តឹងប្តឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លី ផ្ទះផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិឯកជនស្របច្បាប់ (ប្លង់រឹង) របស់យើងខ្ញុំទៅវិញ? ចុះដីរបស់ក្រុមហ៊ុន ៧ អិនជី គ្រុប នៅសល់រាប់ពាន់ហិកតា ម្តេចបានជាមិនលក់យកប្រាក់ធ្វើហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួន? ទឹកប្រាក់ដែលអតិថិជនបានបង់ឲ្យក្រុមហ៊ុន ៧ អិនជី គ្រុប តើក្រុមហ៊ុនយកប្រាក់ទៅណា? ម្តេចមិនព្រមយកប្រាក់ទាំងអស់នោះអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួនទៅវិញ? នរណាជាអ្នកកិបកេងឲ្យពិតប្រាកដ ចំពោះភាគហ៊ុន ៥៥% របស់ខ្ញុំបាទ ស្រី ចន្ធូ សរុប ៧.៧១៤ហិកតា អំឡុងឆ្នាំ២០០៦-២០១១ និងប្រាក់ដែលបានលក់ដីការិយាល័យ ក្រុមហ៊ុន ៧ អិនជី គ្រុប ក្រុងភ្នំពេញ សរុបចំនួន ១២០.០០០.០០០ដុល្លារ តើក្រុមហ៊ុន ៧ អិនជី គ្រុប យកប្រាក់ទៅណា?
ពាក់ព័ន្ធនឹងការបកស្រាយខាងលើ អង្គភាពសារព័ត៌មានយើងពុំមានលេខទំនាក់ទំនងទៅលោក ឧកញ៉ា ស្រី សុធា ទេ ហើយអង្គភាពសារព័ត៌មានយើង នឹងរង់ចាំទទួលការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ពន្ធ័ នៅរៀងរាល់ម៉ោងធ្វើការ៕

