កណ្ដាល៖ ជាងផ្សារដែកម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ រួចធ្លាក់ពីលើសំយាបផ្ទះ ខណៈពេលកំពុងធ្វើការ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ៨:២០នាទីព្រឹក នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាណ ប្រាហ៊ីម (ប្រុស, ៣៦ឆ្នាំ) មុខរបរជាងផ្សារដែក។ ជនរងគ្រោះបានទៅទទួលម៉ៅការតសំយាបផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះ ឈុន ណារី (ស្រី, ៤៥ឆ្នាំ)។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងផ្សារដែកនៅលើសំយាបផ្ទះ ហើយមានអ្នកជួយហុចដែកទីបជ្រុងមួយដើមប្រវែង ៦ម៉ែត្រ។
លោកអធិការបានបន្តថា ខណៈពេលជនរងគ្រោះចាប់ទាញដែកនោះឡើងទៅលើ គាត់មិនបានចាប់អារម្មណ៍ថាចុងដែកបានប៉ះនឹងខ្សែភ្លើង គ្មានសម្បក (ស្រាត) ដែលរត់នៅខាងលើដំបូលនោះទេ។ ការប៉ះពាល់នេះបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង។ តាមការពិនិត្យរបស់កោសល្យវិច័យ និងក្រុមគ្រូពេទ្យ សពជនរងគ្រោះមានស្នាមឆេះខ្លោចនៅជុំវិញកដៃទាំងពីរ និងនៅលើបាតដៃ។ ក្រៅពីនោះ មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានសហការជាមួយអាជ្ញាធរឃុំ ក្រុមគ្រូពេទ្យ និងកម្លាំងជំនាញកោសល្យវិច័យ ចុះទៅពិនិត្យសាកសព និងកន្លែងកើតហេតុ។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

