កណ្ដាល៖ ហេតុការណ៍គួរឲ្យសង្វេគមួយបានកើតឡើងនៅក្រុងតាខ្មៅ ខណៈដែលយុវជនម្នាក់ជិះម៉ូតូត្រឡប់មកផ្ទះម្ដាយវិញ ក៏រអិលថ្នក់ទឹកដក់លើផ្លូវបេតុងមុខផ្ទះ បណ្ដាលឲ្យដួលសន្លប់បាត់មាត់ឈឹង រឹងថ្គាមខាំជាប់ធ្មេញ ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២០:១០នាទីយប់ ថ្ងៃទី៦ សីហា ២០២៥ នៅចំណុចទីក្រុងរណបសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមការបញ្ជាក់ពីនារីម្នាក់ឈ្មោះ ម៉ូ នីតា (២៧ឆ្នាំ) ដែលត្រូវជាប្អូនស្រីរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ បា លីន (២៨ឆ្នាំ) មុខរបរបើកហាងអ៊ុតសក់នៅក្រុងតាខ្មៅ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ICON ពណ៌សលាយខ្មៅ យកផ្លែឈើមកជូនម្ដាយ រួចក៏សុំទៅចូលរួមកម្មវិធីមិត្តភក្ដិបន្តិច។
នារីជាប្អូនស្រីរូបនេះបានបន្តថា លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះម្ដាយវិញ ក៏ស្រាប់តែរអិលថ្នក់ទឹកដក់នៅខាងមុខផ្ទះ បណ្ដាលឲ្យដួលបោកម៉ូតូទៅលើផ្លូវបេតុង សន្លប់បាត់មាត់ឈឹង រឹងថ្គាមខាំជាប់ធ្មេញ និងបញ្ឈរភ្នែកគួរឲ្យតក់ស្លុត។ ភ្លាមៗនោះ ម្ដាយនិងប្អូនស្រីបានស្រែកហៅឲ្យគេជួយ ក៏មានលោកនាយប៉ុស្តិ៍រកាខ្ពស់ រួមជាមួយសន្តិសុខ និងប្រជាពលរដ្ឋនៅក្បែរនោះ បានជួយធ្វើចលនាសង្គ្រោះបឋម ដោយយកស្លាបព្រាមកគាស់ធ្មេញខ្លាចខាំអណ្ដាត និងបានលើកជនរងគ្រោះដាក់លើម៉ូតូកង់បី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងតាខ្មៅភ្លាមៗ។ ចំណែកឯម៉ូតូរងការខូចខាតស្រាល៕