Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    ដុតកម្ទេចចោលសារធាតុញៀនជាង ៦តោននៅខេត្តកណ្ដាល

    August 6, 2025No Comments

    កាលពីព្រឹកថ្ងៃទី៦ សីហា ២០២៥ គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលមានទម្ងន់សរុបជាង ៦តោន ត្រូវបានដុតបំផ្លាញចោលជាសាធារណៈ។ ពិធីនេះប្រព្រឹត្តទៅនៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្ដាល ស្ថិតនៅឃុំព្រែកយ ស្រុកស្អាង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌, ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។

    យោងតាមប្រសាសន៍របស់ឯកឧត្តម លាង ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា វត្ថុតាងដែលត្រូវដុតបំផ្លាញចោលនេះ គឺបានប្រមូលពីសាលាដំបូងខេត្តកណ្ដាលចំនួន ២០៩ សំណុំរឿង និងសាលាដំបូងរាជធានីភ្នំពេញចំនួន ១៣៣ សំណុំរឿង។ វត្ថុតាងទាំងនោះរួមមាន សារធាតុញៀនគ្រប់ប្រភេទ សារធាតុផ្សំគ្រប់ប្រភេទ និងសម្ភារៈពាក់ព័ន្ធការផលិត ការកែច្នៃ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលមានទម្ងន់សរុបដល់ទៅ ៦.៣៥៧.៤១១,១២ ក្រាម (៦តោន ៣៥៧គីឡូ ៤១១,១២ក្រាម)។

    ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានគោលការណ៍ដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល បានអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបំផុសចលនាដល់មន្ត្រីអនុវត្តច្បាប់ទូទាំងខេត្ត ឲ្យធ្វើការស្រាវជ្រាវចាប់ខ្លួនជនល្មើសផង និងធ្វើការផ្សព្វផ្សាយអប់រំទូលំទូលាយអំពីបញ្ហាគ្រឿងញៀនផង។ ឯកឧត្តមក៏បានអំពាវនាវឲ្យគ្រប់អ្នកពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវទិសស្លោកជាតិ «៣កុំ ១រាយការណ៍» (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍)។

    ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ក៏បានមានប្រសាសន៍ថា ទិវាអន្តរជាតិនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តស្មារតីរួមក្នុងការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន និងជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដែលជាមធ្យោបាយរាយការណ៍ដ៏រហ័សនិងសម្ងាត់អំពីករណីគ្រឿងញៀនក្នុងសហគមន៍។ ការប្រើប្រាស់កម្មវិធីនេះ គឺស្មើនឹងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.