Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សោកនាដកម្មនៅស្រុកស្អាង! ឪពុកនិងកូនស្លាប់ទាំងពីរនាក់ ឯម្ដាយរងរបួសធ្ងន់ ខណៈជិះម៉ូតូប៉ះរ៉ឺម៉ក ហើយខ្ទាតចូលរថយន្តសណ្ដោង

    August 5, 2025Updated:August 5, 2025No Comments

    ខេត្តកណ្ដាល: គ្រួសារមួយបានជួបនឹងសោកនាដកម្មដ៏ក្រៀមក្រំ ខណៈដែលពួកគេទាំងបីនាក់ (ឪពុក ម្ដាយ និងកូនប្រុស) ជិះម៉ូតូជាមួយគ្នា ហើយត្រូវរថយន្តសណ្ដោងកិន បណ្ដាលឲ្យឪពុកនិងកូនស្លាប់បាត់បង់ជីវិតទាំងពីរនាក់ភ្លាមៗ រីឯអ្នកម្ដាយរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង៣៨នាទីរសៀល ថ្ងៃទី៤ សីហា ២០២៥ នៅលើផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ជាគ្រួសារតែមួយ ដែលមានទីលំនៅភូមិជើងព្រៃ ឃុំអំពឹលព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អ្នកដែលបាត់បង់ជីវិតមានឈ្មោះ រុន រីម (ប្រុស, ៥១ឆ្នាំ) មុខរបរកម្មករសំណង់ ដែលត្រូវជាឪពុក និងកូនប្រុសឈ្មោះ រីម រតនៈ (ប្រុស, ៦ឆ្នាំ) មុខរបរសិស្ស។ ចំណែកឯអ្នកម្ដាយឈ្មោះ រ៉ូ ចាន់រ៉ា (ស្រី, ៤៥ឆ្នាំ) មុខរបរមេផ្ទះ បានរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AU-6249 ហើយអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់បានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។

    សមត្ថកិច្ចបានរៀបរាប់ពីសភាពហេតុថា មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះបានធ្វើដំណើរពីត្បូងទៅជើង។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានប៉ះនឹងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដែលបានឈប់នៅចិញ្ចើមផ្លូវខាងកើត។ ក្រោយប៉ះគ្នា ជនរងគ្រោះទាំងបីនាក់បានខ្ទាតចូលក្រោមរថយន្តសណ្ដោងសឺមីរ៉ឺម៉កមួយគ្រឿងទៀតម៉ាក Hyundai ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3318 ដែលបើកបរស្របទិសគ្នាមកពីក្រោយ។ អ្នកបើកបររថយន្តនេះមានឈ្មោះ យិន ចំរើន (ប្រុស, ៤០ឆ្នាំ) មុខរបរបើកបររថយន្ត មានទីលំនៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវបានឃាត់ខ្លួនភ្លាមៗ។

    ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូរបស់ជនរងគ្រោះបានប៉ះនឹងម៉ូតូសណ្ដោងរ៉ឺម៉កដែលឈប់នៅចិញ្ចើមផ្លូវ ទើបខ្ទាតចូលរថយន្តធំ បណ្ដាលឲ្យមានសោកនាដកម្មនេះកើតឡើង។

    ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះសពឪពុកនិងកូន ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.