កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី៣១ កក្កដា ២០២៥ នៅចំណុចភូមិអំពៅព្រៃកើត ឃុំកណ្ដោក។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់។
យោងតាមប្រភពពីកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង ដែលដឹកនាំដោយលោក អនុសេនីយ៍ឯក នុត ចន្ថា មេបញ្ជាការរងស្រុក បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ណាង សុខនី (ប្រុស, ២៩ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពៅព្រៃកើត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យម្នាក់ទៀតដែលគេចខ្លួនមានឈ្មោះ ដេត សុវណ្ណរាជ (ប្រុស, ២៤ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពៅព្រៃកើត ឃុំកណ្ដោក។ ក្រោយការពិនិត្យ ទឹកនោមរបស់ឈ្មោះ ណាង សុខនី មានផ្ទុកសារធាតុញៀន។
លោកមេបញ្ជាការរងបានបន្តថា មុនពេលបង្ក្រាប កម្លាំងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចខាងលើ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថចំនួន ៥នាក់ បានចុះទៅដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ណាង សុខនី កំពុងឈររេក្បែររបងវត្ត។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅសួរនាំ ស្រាប់តែជនសង្ស័យបានបោះថ្នាំញៀនចំនួន ០១កញ្ចប់ ដែលលាក់ទុកក្នុងស្រោមឡូហ្គោដបទឹកសុទ្ធ ចោលលើដីក្បែររបងវត្តទួលតាម៉ក់។ កម្លាំងជំនាញបានដកហូតយកមករក្សាទុក។
ជាមួយគ្នានោះ ឈ្មោះ ដេត សុវណ្ណរាជ បានបើកម៉ូតូគេចខ្លួន។ កម្លាំងជំនាញបានជិះដេញប្រផាប់ប្រផីង រហូតឈ្មោះ ដេត សុវណ្ណរាជ បានផ្ដួលម៉ូតូរត់គេចខ្លួនបាត់។
ក្រោយការសាកសួរ ឈ្មោះ ណាង សុខនី បានសារភាពថា ម្សៅក្រាមចំនួន ០១កញ្ចប់នោះ គឺឈ្មោះ ដេត សុវណ្ណរាជ បានប្រគល់ឲ្យខ្លួនកាន់ដើម្បីយកមកលក់ឲ្យគេ។
លោកមេបញ្ជាការរងបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃដដែល ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្ត និងការសម្របសម្រួលពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល កម្លាំងជំនាញ បានចុះទៅដល់ផ្ទះរបស់ឈ្មោះ ដេត សុវណ្ណរាជ ប៉ុន្តែជននេះបានគេចខ្លួនបាត់ទៅហើយ។ កម្លាំងជំនាញក៏បានឆែកឆេរផ្ទះ និងរកឃើញវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់, សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន, កាបូបដាក់ប្រាក់ពណ៌ខ្មៅ ០១, ប្រាក់រៀល ២៦.០០០រៀល, ដាវដែកដងជ័រ ០១ដើម និងម៉ូតូ Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6393 ចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួន រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕