ខេត្តកណ្ដាល: រថយន្តទេសចរណ៍ (តួរីស) មួយគ្រឿងដែលផ្ទុកទំនិញចាប់ហួយពេញ បានឆាបឆេះដោយខ្លួនឯងនៅកណ្ដាលផ្លូវ តែជាសំណាងល្អបានកិច្ចអន្តរាគមន៍រហ័សពីសំណាក់លោកនាយប៉ុស្តិ៍ អ្នកជិតខាង និងជាងជួសជុលម៉ូតូ ដែលបានប្រើទុយោទឹក និងបំពង់ឧស្ម័នជួយបាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១ សីហា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
យោងតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាខ្ពស់បានឲ្យដឹងថា តៃកុងរថយន្តមានឈ្មោះ រឹម សារឿន (ប្រុស, ៣២ឆ្នាំ) មានទីលំនៅសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបគាត់បានបើករថយន្តម៉ាក តួរីស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6341 ផ្ទុកទំនិញចាប់ហួយពេញធ្វើដំណើរពីជើងទៅត្បូង។
តៃកុងរថយន្តបានរៀបរាប់ថា នៅពេលដែលបើកពីចក្រអង្រែ ឆ្លងកាត់ទីប្រជុំជនក្រុងតាខ្មៅ រហូតដល់ចំណុចកើតហេតុ រថយន្តក៏បានរលត់ ហើយឡើងកំដៅខ្លាំង។ គាត់ក៏បានចុះដើរទៅរកជាងជួសជុលរថយន្ត។ នៅពេលដើរត្រឡប់មកវិញ ស្រាប់តែឃើញរថយន្តរបស់គាត់បានឆេះជាអណ្តាតភ្លើងទៅហើយ។ តែដោយចៃដន្យ គាត់បានជួបនឹងលោកនាយប៉ុស្តិ៍រកាខ្ពស់ ដែលបានឲ្យបងប្អូនពលរដ្ឋនៅក្បែរជួយទាញទុយោទឹកមកបាញ់ពន្លត់។ ជាមួយគ្នានោះ ជាងជួសជុលម៉ូតូ និងសិប្បកម្មផលិតទឹកកកនៅក្បែរនោះ ក៏បានយកបំពង់ឧស្ម័នជួយបាញ់ពន្លត់អស់ ៤-៥បំពង់ ទើបអាចសង្គ្រោះរថយន្តបាន។
អគ្គិភ័យនេះបានឆេះចាប់ពីចង្កឹះប្រអប់លេខនៅផ្នែកខាងមុខ ហើយបានឆេះរាលដាលដល់សំណុំខ្សែភ្លើង រហូតដល់ពិដានខាងក្នុងរថយន្ត ដែលធ្វើឲ្យឆេះរោលខ្លោច និងខូចខាតទំនិញបន្តិចបន្តួច។ ទោះជាយ៉ាងនេះក្តី អ្នកភូមិនៅក្បែរនោះបានជួយជញ្ជូនទំនិញមួយចំនួនចេញពីក្នុងរថយន្តបានទាន់។
តៃកុងរថយន្តបានសម្តែងនូវការគោរព និងលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នាដែលបានជួយសង្គ្រោះទាំងរថយន្ត និងទំនិញចាប់ហួយរបស់គាត់ ដែលមិនទាន់បានទម្លាក់ជូនម៉ូយនៅឡើយ៕