ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងយ៉ាងច្បាស់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី៣១ កក្កដា ២០២៥ ថា កងកម្លាំងកម្ពុជាចំនួន ២០នាក់ដែលទាហានថៃចាប់ខ្លួន គឺមិនមែនជាឈ្លើយសឹកនោះទេ ដោយសារការចាប់ខ្លួននេះបានកើតឡើងក្រោយកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានទៅហើយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីភាគីថៃនៅតែបន្តឃុំខ្លួនកងកម្លាំងកម្ពុជានោះ មិនទាន់ដោះលែងនៅឡើយ។
យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា មេបញ្ជាការយោធាកម្ពុជាប្រចាំទិសព្រះវិហារ ដែលបានរាយការណ៍ជូនមន្ត្រីអនុព័ន្ធយោធា ១៣ប្រទេស នៅថ្ងៃទី៣០ កក្កដា ២០២៥ បានឲ្យដឹងថា ទាហានកម្ពុជា ២០នាក់ត្រូវបានទ័ពថៃចាប់ខ្លួននៅថ្ងៃទី២៩ កក្កដា។ ក្នុងចំណោមនោះ មានម្នាក់បានរត់រួច។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់អានសេះ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជិតប្រាសាទព្រះវិហារ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ កក្កដា។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា បានពន្យល់ចំពោះក្រុមអង្កេតការណ៍ថា មូលហេតុនៃការចាប់ខ្លួននេះគឺដោយសារទាហានថៃដែលគ្មានអាវុធ បានបក់ដៃឲ្យទាហានខ្មែរដែលគ្មានអាវុធចេញមកជួប ដោយនិយាយថា “ចប់សង្គ្រាម ចប់ការវាយគ្នាហើយ”។ ទាហានថៃបានចាប់ដៃស្វាគមន៍គ្នាជាមួយទាហានខ្មែរ ហើយបបួលថតរូបជាក្រុម។ ប៉ុន្តែ ក្នុងពេលកំពុងថតរូប ទាហានថៃនោះបានធ្វើសញ្ញាឲ្យគ្នាវាចេញពីព្រៃយកកាំភ្លើងមកភ្ជង់ទាហានយើងពីក្រោយ ហើយចាប់ចងតែម្តង។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១ សីហា ២០២៥ នេះថា រហូតមកដល់ពេលនេះ ភាគីថៃនៅមិនទាន់ប្រគល់ទាហានខ្មែរទាំង ២០នាក់នោះនៅឡើយទេ ដោយគ្រាន់តែអះអាងថា ពួកគេមានសុវត្ថិភាព។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញឲ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជាក៏បានស្នើឲ្យប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន ឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យភាគីថៃឆាប់ប្រគល់ទាហានយើងវិញ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានសន្យាថា នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ៕
ប្រភព៖ ក្រសួងព័ត៌មាន