Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កំហឹងបណ្ដាលហេតុ! ចៅប្រុសប្រើហិង្សារំលោភបំពានលើយាយបង្កើត ទាំងគំរាមសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិ នៅស្រុកពញាឮ

    July 7, 2025No Comments

    ចៅប្រុសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ កក្កដា ២០២៥ ក្រោយពីបានគំរាមសម្លាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាទៅលើយាយបង្កើតខ្លួនឯង នៅចំណុចភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹង។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ គឺឈ្មោះ គឹម ហ៊ (ស្រី, ៨៦ឆ្នាំ) ត្រូវជាយាយបង្កើតរបស់ជនសង្ស័យ​ មានទីលំនៅភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺឈ្មោះ ខៀវ ចាន់ណាត ហៅគោ (ប្រុស, ២៨ឆ្នាំ) មុខរបរកម្មករ ត្រូវជាចៅបង្កើត មានទីលំនៅភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ ក្រោយការពិនិត្យ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។ វត្ថុតាងចាប់យកពុំមានឡើយ ប៉ុន្តែមានសម្ភារៈខូចខាត រួមមានផ្ទាំងកញ្ចក់ទ្វារផ្ទះចំនួន ១ផ្ទាំង។

    ប្រភពដដែលបានបន្តរៀបរាប់ពីសភាពរឿងហេតុថា នៅថ្ងៃកើតហេតុ វេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ ខៀវ ចាន់ណាត ហៅគោ បានត្រឡប់មកពីផឹកស៊ីវិញក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ពេលមកដល់ផ្ទះរបស់ជនរងគ្រោះជាយាយបង្កើត ជនសង្ស័យបាននិយាយរករឿងឡូឡាឈ្លោះប្រកែកជាមួយជនរងគ្រោះ ដោយសួរថា “មិចបានយាយឯងទៅនិយាយប្រាប់ថៅកែរបស់ខ្ញុំថា៖ ខ្ញុំជេរបញ្ចោរយាយឯង”។ ក្នុងពេលនោះ ជនសង្ស័យ ខៀវ ចាន់ណាត ហៅគោ ខឹងបានយកជើងធាក់ទៅលើផ្ទាំងកញ្ចក់ទ្វារផ្ទះ បណ្ដាលឲ្យបែកខូចខាត ព្រមទាំងធាក់កៅអីជ័រឲ្យរលំ និងបានជេរគំរាមប្រមាថ ចង់អាកសម្លាប់ទៅលើជនរងគ្រោះបន្ថែមទៀតផង។ ក្រោយមកទៀត ជនសង្ស័យក៏បានចូលទៅសម្រាកនៅក្នុងផ្ទះបាត់ទៅ។

    ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា លុះព្រឹកឡើងថ្ងៃដដែល វេលាម៉ោង ០៩:០០ព្រឹក ជនរងគ្រោះឈ្មោះ គឹម ហ៊ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលវិហារលួង ប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះ ខៀវ ចាន់ណាត ហៅគោ ដែលបានធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្ទាំងកញ្ចក់ទ្វារផ្ទះ និងគំរាមសម្លាប់លើរូបខ្លួន។ បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច កម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារលួង បានចុះទៅដល់កន្លែងកើតហេតុធ្វើស្រាវជ្រាវរកជនសង្ស័យ។ ក្នុងពេលនោះ កម្លាំងបានជួប និងហៅជនសង្ស័យដើម្បីសាកសួរ។ ភ្លាមៗនោះ ជនសង្ស័យបានប្រតាយប្រតប់គ្នាជាមួយកម្លាំងសមត្ថកិច្ច។ ក្រោយមកទៀត កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកជើងធាក់បំផ្លិចបំផ្លាញផ្ទាំងកញ្ចក់ទ្វារផ្ទះ បណ្ដាលឲ្យបែកខូចខាត និងជេរគំរាមសម្លាប់ទៅលើឈ្មោះ គឹម ហ៊ ត្រូវជាយាយបង្កើតប្រាកដមែន ដោយសាររូបខ្លួនខឹងនឹងយាយរបស់ខ្លួននិយាយប្រាប់ថៅកែរបស់ខ្លួន រឿងខ្លួនជេរយាយរបស់ខ្លួន។ ជនសង្ស័យក៏បានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពជេរប្រមាថ និងជេរគំរាមប្រមាថទៅលើជនរងគ្រោះឈ្មោះ គឹម ហ៊ ត្រូវជាយាយបង្កើត ជាច្រើនលើកពេលខ្លួនស្រវឹងស្រា។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.