Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អ្នកភូមិព្រែកសំរោង៣ ទទូចស្នើសុំចាត់វិធានការលើរោងចក្រកិនឆ្អឹងគោ បង្កក្លិនស្អុយប៉ះពាល់សុខភាពជាង ២ឆ្នាំ

    June 16, 2025No Comments

    ខេត្តកណ្ដាល៖ “ជាង ២ឆ្នាំ មកហើយ ដែលពួកយើងទ្រាំទ្រនឹងក្លិនស្អុយ និងសត្វរុយ ដែលបង្កឡើងដោយទីតាំងស្តុកឆ្អឹងគោនេះ! យើងបានប្រាប់មេភូមិរាប់ភ្លេចមកហើយ តែគ្មានដំណោះស្រាយសោះ! ដូច្នេះ សូមថ្នាក់លើ ជាពិសេសមន្ត្រីបរិស្ថាន មេត្តាចុះមកពិនិត្យ និងដោះស្រាយផលប៉ះពាល់ដល់សុខភាពអ្នកភូមិផង!” នេះជាការត្អូញត្អែរ និងការអំពាវនាវរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

    ប្រជាពលរដ្ឋបានរៀបរាប់ថា ទីតាំងស្តុកឆ្អឹងគោដែលមានគំនរដូចកូនភ្នំនេះ បានបង្កជាក្លិនអាសោចន៍ និងសត្វរុយយ៉ាងច្រើនលើសលប់ រយៈពេលជាង ២ឆ្នាំ មកហើយ។ ក្លិនស្អុយចេញពីសាច់រលួយៗជាប់ឆ្អឹងគោនេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសក្មេងៗរមែងមានជំងឺផ្លូវដង្ហើមស្ទើរគ្រប់គ្នា។ ប្រសិនបើមិនប្រើកង្ហារជំនួយទេ រុយច្បាស់ជាហើរចូលមាត់មិនខានឡើយ ហាក់បីដូចជាកំពុងរស់នៅលើគំនរសំរាម ឬក្បែរសាកសពហើមស្អុយរលួយអញ្ចឹង។ ពួកគាត់ដឹងថា គំនរឆ្អឹងគោនេះ គេស្តុកទុកសម្រាប់កិនធ្វើជី ហើយអ្នកភូមិមិនរារាំងមិនឲ្យគេធ្វើអាជីវកម្មនោះទេ។ ប៉ុន្តែពួកគាត់ស្នើសុំឲ្យមានការគិតគូរពីផលប៉ះពាល់ និងសុខភាពរបស់ប្រជាពលរដ្ឋក្នុងភូមិផង កុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីអ្នកដទៃ។ ដូច្នេះ ពួកគាត់ក៏ស្នើសុំទៅរដ្ឋបាលសង្កាត់ ក្រុង មេត្តាជួយចុះមកពិនិត្យជាក់ស្តែងផង។

    លោក ឃុត ប៊ុណ្ណារ៉ុង ចៅសង្កាត់រងសង្កាត់តាខ្មៅ បានប្រាប់ឲ្យដឹងថា ក្រោយទទួលដំណឹង លោកបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងខាងលើ។ លោកបានបញ្ជាក់ថា ពិតជាមានស្តុកឆ្អឹងគោ និងក្លិនស្អុយអាសោចន៍ពិបាកដកដង្ហើម ព្រមទាំងសំបូរសត្វរុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋពិតប្រាកដមែន។ លោកបានបន្តថា រូបលោកក៏បានរាយការណ៍ជូនលោកអភិបាលក្រុង ដើម្បីចាត់វិធានការបន្តរួចហើយ និងកំពុងរង់ចាំចំណាត់ការពីថ្នាក់លើសម្រេច។ លោកក៏បានបន្ថែមថា ទីតាំងខាងលើដំបូងឡើយផលិតជីកំប៉ុស្តិ៍ ប៉ុន្តែម្ចាស់បានផ្លាស់ប្តូរមកកិនឆ្អឹងគោផលិតជីសរីរាង្គវិញ ដោយមិនបានជូនដំណឹងដល់អាជ្ញាធរឡើយ។

    រីឯ លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានបញ្ជាក់ថា លោកនឹងចាត់មន្ត្រីឲ្យចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ នៅថ្ងៃស្អែកនេះ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.