Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    អាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធ កំពុងរួមគ្នាជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច

    October 31, 2023Updated:November 3, 2023No Comments

    មណ្ឌលគិរី៖ លោក ហ៊ាញ ប៊ុណ្ណា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា មកដល់បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធនានា បានដំណើរការរៀបចំ និងទទួលស្គាល់សហគមន៍ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចបានចំនួន២៥សហគមន៍ នៅក្នុងខេត្តមណ្ឌលគិរី ដែលក្នុងនោះមានសហគមន៍ចំនួន១៧បានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងសហគមន៍ចំនួន៧បានទទួលប័ណកម្មសិទ្ធិដីសហមូលហភាពជនជាតិដើមភាគតិច។

    លោកថាយ៉ាងណាមិញ សហគមន៍ជនជាតិដើមភាគតិចប្រមាណ១៨សហគមន៍ក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងស្ថិតក្នុងដំណើរការចុះបញ្ជីដីសមូភាពជនជាតិដើមភាគតិចដើម្បីសន្តិសុខដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

    ការថ្លែងនេះរបស់លោក ហ៊ាញ ប៊ុណ្ណា ក្នុងគ្រាដែលរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តគម្រោង សុវត្ថិភាពដីធ្លីសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង រយៈពេល០៦ខែ ឆ្នាំ២០២៣  ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសណ្ឋាគារពេជ្រាដា ក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

    ក្នុងឱកាសនេះ លោក ហ៊ាញ ប៊ុណ្ណា ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយនានា ជាពិសេសអង្គការ លេនដីសា​ សូមបន្តការគាំទ្រ សហការក្នុងការពង្រឹងសមត្ថភាពប្រជាសហគមន៍ និងដំណើការការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ដើម្បីចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការការពារ ការអភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជនជាតិដើមភាគតិច ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។

    ជាមួយគ្នានេះដែរ លោក ម៉ា សៀវឆេ តំណាងអង្គការភូមិខ្ញុំ បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីឱ្យសហគមន៍បង្ហាញពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងសំណូមរពរ លើកិច្ចការសហគមន៍ជនជាតិដើមភាគតិច  ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធលើការងារគ្រប់គ្រងធនធានដីធ្លីពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហការរវាងសហគមន៍ អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សម្រាប់ការអនុវត្តន៍ផែនការបន្ត។

    លោក បានបន្ថែមថា ធនធានដីធ្លី ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ជនជាតិដើមភាគតិចទាក់ទងនឹងជីវភាពរស់នៅ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ពួកគាត់។ ជាងនេះទៅទៀត ព្រៃឈើ និងអនុផលព្រៃឈើនៅលើដីក្នុងសហគមន៍ជនជាតិដើមភាគតិច បានផ្គត់ផ្គង់អាហារ និងប្រាក់ចំណូលដល់ពួកគាត់ផងដែរ ហើយដីមួយចំនួនត្រូវបានប្រើប្រាស់សម្រាប់ការ អភិរក្សវប្បធម៌ ដូចជាដីកប់សព និងព្រៃអរក្សជាដើម៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.