Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អនិច្ចា! កម្មករលើកដាក់អេតចាយម្នាក់ ដេកស្លាប់ក្បែរប្រពន្ធទាំងព្រឹកព្រលឹម ដោយគាំងបេះដូង

    June 10, 2025No Comments

    ខេត្តកណ្ដាល៖ ពិតជាសោកសៅ និងគួរឲ្យអាណិតជាពន់ពេក! បុរសជាកម្មករលើកដាក់អេតចាយម្នាក់ បានដេកស្លាប់នៅក្បែរប្រពន្ធរបស់ខ្លួន ដោយសារគាំងបេះដូង ទាំងដែលកំពុងសម្រាកលក់។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:០០នាទីទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចយឿទិញអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

    សពជនរងគ្រោះមានឈ្មោះ យ៉ាត វ៉ាត ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកបានមកធ្វើជាកម្មករលើកដាក់អេតចាយនៅទីតាំងកើតហេតុនេះ។

    យោងតាមការបំភ្លឺរបស់អ្នកស្រី អៀប ឃួន អាយុ ៤២ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទីល្ងាច ក្រោយចប់ការងារ ប្ដីរបស់គាត់បានទៅហូបស្រាបៀរជាមួយមិត្តភក្តិដែលធ្វើការជាមួយគ្នា។ លុះដល់ម៉ោង ២០:០០នាទីយប់ថ្ងៃដដែល ជនរងគ្រោះក៏បានមកដល់បន្ទប់ដេក។ ពេលនោះ ប្រពន្ធបានប្រាប់ឲ្យប្ដីពិសាបាយ តែជនរងគ្រោះថាមិនហូបទេ រួចក៏អង្គុយចុចទូរស័ព្ទលេងនៅមុខបន្ទប់ បន្ទាប់មកក៏ចូលសម្រាកក្បែរប្រពន្ធ។

    អ្នកស្រី អៀប ឃួន បានរៀបរាប់ទាំងក្ដុកក្ដួលថា លុះនៅវេលាកើតហេតុ គាត់បានដាស់ប្ដីឲ្យក្រោកឡើង តែជនរងគ្រោះមិនមាត់មិនក នៅស្ងៀម។ គាត់ដាស់យ៉ាងណាក៏មិនក្រោក រហូតស្ទាបសាច់ជនរងគ្រោះមានសភាពត្រជាក់ ក៏ប្រញាប់ទៅហៅបងប្អូនដែលនៅក្បែរឲ្យជួយមកមើល។ ពួកគេបាននាំគ្នាសង្គ្រោះដោយធ្វើចលនាបេះដូង តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ បន្ទាប់មក ពួកគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យ។

    ក្រោយទទួលសេចក្តីរាយការណ៍ភ្លាម លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ចុះទៅពិនិត្យករណីមនុស្សស្លាប់ដល់ទីតាំងកើតហេតុ។ ការពិនិត្យកន្លែងកើតហេតុ និងស្ថានភាពសព គឺសពស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ដែលធ្វើអំពីស័ង្កសីជា រោងសម្រាកទិញអេតចាយ។ សពមានសភាពទន់ ស្រុងឈាម ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

    តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងជំនាញ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (អាចមកពីជំងឺប្រចាំកាយ)។

    បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដ៏សោកសៅ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.