Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សោកសៅបំផុត! យុវជនម្នាក់ បាត់បង់ជីវិតយ៉ាងសង្វេគ ក្រោយដួលម៉ូតូធ្លាក់ប្រឡាយដោយខ្លួនឯងទាំងព្រលឹម

    June 6, 2025No Comments

    ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកអាយុជីវិតយុវជនម្នាក់ភ្លាមៗ ទាំងព្រឹកព្រលឹម ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ករណីនេះបង្កឡើងដោយការដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យយុវជនរងគ្រោះធ្លាក់ចូលប្រឡាយទឹក។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសោកស្ដាយនេះបានកើតឡើងនៅវេលាម៉ោង ៥:១០នាទីព្រឹក នៅចំណុចផ្លូវបេតុង ភូមិក្រាំងឈើនាង ឃុំត្បែង។ ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ឃូច សុវណ្ណរាជ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    នៅវេលាកើតហេតុ យុវជន ឃូច សុវណ្ណរាជ បានបើកបរម៉ូតូ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HT-8450 ក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ គាត់បានបើកបរក្នុងល្បឿនលឿន និងរ៉េចង្កូតធ្លាក់ចូលទឹកប្រឡាយ បណ្ដាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង។

    កម្លាំងផ្នែកសណ្ដាប់ធ្នាប់បានចុះពិនិត្យកន្លែងកើតហេតុ រួមទាំងពិនិត្យកាមេរ៉ាសុវត្ថិភាពផងដែរ ប៉ុន្តែកាមេរ៉ាត្រូវបានរកឃើញថាខូចខាត ហើយម្ចាស់ផ្ទះកំពុងទាក់ទងជាងមកជួសជុល។ កម្លាំងផ្នែកវិភាគហេតុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង បានចុះសហការដល់កន្លែងកើតហេតុ និងសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បង្កឡើងដោយខ្លួនឯង។

    បច្ចុប្បន្ន សពយុវជន ឃូច សុវណ្ណរាជ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីដ៏សោកសៅ។ ចំណែកវត្ថុតាងម៉ូតូ ក៏ត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិវិញផងដែរ។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.