Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ

    May 30, 2025No Comments

    កណ្តាល៖ ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ឃុំទឹកវិល និងឃុំកោះខ្សាច់ទន្លា ក្នុងស្រុកស្អាង ខេត្តកណ្តាល កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបូមខ្សាច់របស់កាណូតមួយគ្រឿង ដែលបានបំពាក់ស្លាកយីហោក្រុមហ៊ុន “ចរិយា សម្បត្តិ អ៊ីមផត អិចផត ឯ.ក” ដោយពួកគាត់បានអះអាងថា កាណូតនេះធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យ កៀកក្បែរច្រាំងទន្លេជាប្រចាំ ដែលអាចបង្កឱ្យមានការបាក់ស្រុតច្រាំង និងប៉ះពាល់ដល់លំនៅឋានរបស់អ្នកស្រុកយ៉ាងធ្ងន់ធ្ងរ។

    ប្រជាពលរដ្ឋបានបានរាយការណ៍​ថា កាណូតបូមខ្សាច់នេះបានប្រតិបត្តិការអស់រយៈពេលជាយូរមកហើយ ទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា។ ពួកគាត់តែងតែឃើញការបូមខ្សាច់នៅក្បែរៗច្រាំងទន្លេបាសាក់ ដោយជួនកាលនៅភូមិសាស្ត្រឃុំកោះខ្សាច់ទន្លា និងជួនកាលទៀតនៅត្រើយខាងលិច ក្នុងភូមិសាស្ត្រឃុំព្រែកថ្មី និងឃុំទឹកវិល។ ពួកគាត់បានរៀបរាប់ថា ទោះបីជាពួកគាត់ព្យាយាមដេញឱ្យចេញពីច្រាំងប្រមាណ ៥០ ម៉ែត្រក៏ដោយ ក៏កាណូតនេះតែងតែរំកិលមកបូមកៀកច្រាំងវិញដដែល ហាក់បីដូចជាគ្មានការគោរពទៅតាមគោលការណ៍ណែនាំ ឬការកំណត់ពោងណាមួយឱ្យបានត្រឹមត្រូវឡើយ។

    ដោយសារតែបញ្ហានេះកើតឡើងម្តងហើយម្តងទៀតដោយគ្មានដំណោះស្រាយសមស្រប ពលរដ្ឋបានសម្រេចចិត្តទាក់ទងអ្នកសារព័ត៌មានដើម្បីឱ្យជួយផ្សព្វផ្សាយដំណឹងនេះ ទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបានជ្រាប និងជួយអន្តរាគមន៍រកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ អ្នកស្រុកបានកត់សម្គាល់ថា រាល់ពេលដែលអ្នកសារព័ត៌មានថតរូប កាណូតនោះ តែងតែបើករត់គេចចេញ ទៅកន្លែងផ្សេងបាត់​។

    ពួកគាត់បន្តទៀតថា បើគ្មានការទប់ស្កាត់ចំពោះការលួចបូមខ្សាច់ក្បែរច្រាំងរបៀបនេះទេ នៅរដូវទឹកឡើងខាងមុខនេះ ច្រាំងទន្លេនៅតំបន់នេះប្រាកដជានឹងបាក់ស្រុតខ្លាំង ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋានរបស់អ្នករស់នៅ។ ទោះបីជាមិនបានស្គាល់អត្តសញ្ញាណម្ចាស់កាណូតផ្ទាល់ក៏ដោយ ពួកគាត់បានដឹងថា កាណូតនេះបំពាក់ស្លាកក្រុមហ៊ុន “ចរិយា សម្បត្តិ អ៊ីមផត អិចផត ឯ.ក” ហើយខ្សាច់ដែលបូមបាន ត្រូវបានគេយកទៅលក់នៅតាមដេប៉ូនានា ជាពិសេសគឺបូមលក់ឱ្យដេប៉ូមួយកន្លែង ដែលស្ថិតនៅគល់ស្ពានលេខ ១៧ លើផ្លូវជាតិលេខ ២១ ក្បែរកន្លែងលក់ទឹកអំពៅ ១ កែវថែម ១ កែវ ទល់មុខវត្តសុភី ហៅវត្តក្បាលកោះ។

    លើសពីនេះ ពលរដ្ឋក៏បានត្អូញត្អែរអំពីសកម្មភាពដឹកជញ្ជូនខ្សាច់ចេញពីដេប៉ូនោះផងដែរ ដោយរថយន្តដឹកខ្សាច់ជារឿយៗផ្ទុកលើសទម្ងន់ រហូតដល់ហៀរទ្រុង និងមិនបានគ្របឱ្យបានត្រឹមត្រូវនោះទេ បណ្តាលឱ្យជ្រុះធ្លាក់ខ្សាច់ និងហូរទឹករឡេករឡះ ពេញផ្លូវ ដែលធ្វើឱ្យផ្លូវរអិល និងពិបាកធ្វើដំណើរទៀតផង។

    ដូច្នេះ សូមស្នើដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាចុះពិនិត្យ និងចាត់វិធានការចំពោះកាណូតបូមខ្សាច់អនាធិបតេយ្យ និងដេប៉ូខាងលើនេះជាបន្ទាន់។ បើនៅតែបណ្តែតបណ្តោយឱ្យកាណូតខាងលើធ្វើសកម្មភាពបូមខ្សាច់បែបអនាធិបតេយ្យរបៀបនេះ ច្រាំងទន្លេនៅខាងក្រោយលំនៅដ្ឋានរបស់អ្នកភូមិ ប្រាកដជាបាក់អស់ហើយ។

    ជុំវិញករណីនេះ អង្គភាពសារព័ត៌មានមិនទាន់អាចទាក់ទងក្រុមហ៊ុន “ចរិយា សម្បត្តិ អ៊ីមផត អិចផត” ដើម្បីសុំការបកស្រាយបាននៅឡើយទេ។ អង្គភាពយើងនឹងរង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ។

    ដោយឡែក លោក ប៉ុន ប៊ុនធឿន ដែលជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល បានមានប្រសាសន៍ថា លោកអរគុណចំពោះការផ្តល់ដំណឹងនិងផ្តល់វីដេអូពី ។ លោកនឹងកោះអញ្ជើញក្រុមហ៊ុនខាងលើ មកធ្វើការសាកសួរអំពីសកម្មភាពកាណូតបូមខ្សាច់ដែលធ្វើសកម្មភាពបូមខ្សាច់ក្បែរច្រាំងនេះ ដែលខុសពីគោលការណ៍ណែនាំ និងការបំពាក់ស្លាកឈ្មោះរបស់ក្រុមហ៊ុន។​

     

     

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.