កណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ កក្កដា ២០២៥ ក្នុងករណីលួចម៉ូតូ។ ហេតុការណ៍នេះកើតឡើងនៅចំណុចបន្ទប់ជួល ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ គឺឈ្មោះ ឡេង ហាក់ (ប្រុស, ៣៣ឆ្នាំ) មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន គឺឈ្មោះ ឌុល ឆាង (ប្រុស, ២៥ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោម(+)។
លោកអធិការបានបន្តថា វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ លេខតួនិងលេខម៉ាស៊ីន ០៣៣៦៨០៤ គ្មានផ្លាកលេខ (ជារបស់ជនរងគ្រោះ)។
លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឲ្យម្ដាយរបស់ខ្លួនជូនទៅធ្វើការនៅរោងចក្រតៃណាន ឃុំបែកចាន។ ពេលទៅដល់រោងចក្រ ខ្លួនក៏បានឲ្យម្ដាយជិះម៉ូតូត្រឡប់ទៅបន្ទប់ជួលវិញ។ ពេលម្ដាយរបស់ជនរងគ្រោះមកដល់បន្ទប់ជួល គាត់ក៏បានប្រាស់ខ្លួនដេកមួយភាំង ដោយទុកម៉ូតូនៅក្រៅបន្ទប់ពុំបានដកសោរចេញឡើយ។ ក្រោយពីសម្រានលក់មួយភាំង ក៏ក្រោកមកវិញ ស្រាប់តែមិនឃើញម៉ូតូដែលទុកនៅក្រៅបន្ទប់។ ពេលនោះ ម្ដាយរបស់ជនរងគ្រោះបានទូរសព្ទមកប្រាប់ថាបាត់ម៉ូតូបាត់ហើយ។ ភ្លាមៗ ខ្លួនក៏បានចេញពីធ្វើការ ហើយទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន។
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន សហការជាមួយកម្លាំងជំនាញស្រុក បានបើកការស៊ើបអង្កេតស្រាវជ្រាវ និងបានកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ហើយបានយកម៉ូតូនោះទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូក្នុងមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ ជនសង្ស័យបានបន្តសារភាពទៀតថា ខ្លួនចេះប្រើប្រាស់គ្រឿងញៀនរយៈពេល ៥ឆ្នាំមកហើយ កន្លងមកក៏ធ្លាប់ជាប់ពន្ធនាគារ ៥លើកមកហើយនៅពន្ធនាគារខេត្តកណ្ដាល (មិនចាំខែឆ្នាំឡើយ) ពីករណីលួចបារី ២លើក, លួចស្រាបៀរ ២លើក, និងលួចទូរសព្ទដៃ ១លើក។
បច្ចុប្បន្ន ករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

