Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

    August 6, 2025No Comments

    កណ្ដាល៖ ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ៩:៣៥នាទី នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សឿន រតនា ហៅ ឆៃ (២៤ឆ្នាំ) ធ្លាប់ជាប់ពន្ធនាគារ ២លើក, ឈ្មោះ នី គីរ៉ា (១៩ឆ្នាំ) និងឈ្មោះ បាន ពិសែ ហៅ ក្បាលធំ (៣១ឆ្នាំ) ធ្លាប់ជាប់ពន្ធនាគារ ១លើក។

    លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាជួញដូរថ្នាំញៀនចូលមកស្នាក់នៅក្នុងផ្ទះសំណាក់ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ចុះធ្វើការឆែកឆេរនៅក្នុងបន្ទប់។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់គឺឈ្មោះ សឿន រតនា និងឈ្មោះ នី គីរ៉ា ព្រមទាំងរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកក ១កញ្ចប់មធ្យម។

    លោកអធិការបានឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សឿន រតនា បានសារភាពថា ថ្នាំញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយបានទិញពីឈ្មោះ ស្រ៊ុន រស្មី (៣៩ឆ្នាំ) ដែលបានគេចខ្លួនបាត់ ក្នុងតម្លៃ ៥០០.០០០រៀល សម្រាប់ទុកលក់បន្ត និងប្រើប្រាស់ខ្លួនឯង។ ជនសង្ស័យរូបនេះក៏បានសារភាពថាខ្លួនបានទុកថ្នាំញៀន ១០កញ្ចប់តូចឲ្យទៅឈ្មោះ បាន ពិសែ ដើម្បីទុកលក់បន្តផងដែរ។ ផ្អែកលើចម្លើយសារភាពនេះ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះ បាន ពិសែ នៅក្នុងព្រៃស្ថិតនៅភូមិពពាលខែ និងដកហូតបានថ្នាំញៀន ១កញ្ចប់តូច រួមជាមួយសម្ភារៈវេចខ្ចប់ថ្នាំមួយចំនួន។

    ជនសង្ស័យឈ្មោះ បាន ពិសែ ក៏បានសារភាពថា ខ្លួនពិតជាបានទទួលថ្នាំញៀនចំនួន ១០កញ្ចប់តូចពីឈ្មោះ សឿន រតនា ដើម្បីទុកលក់បន្តប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង សរុបមានគ្រឿងញៀន ២កញ្ចប់ (មធ្យម ១ និងតូច ១) ទម្ងន់ ៦,៧៩ក្រាម និងទូរស័ព្ទ ១គ្រឿង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯជនសង្ស័យឈ្មោះ ស្រ៊ុន រស្មី ដែលបានគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.