Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បង្កសំឡេងរំខានពេលយប់! នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូរោទ៍គ្មានស៊ីមាំង

    June 6, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបមុខសញ្ញាក្មេងទំនើង (ជិះម៉ូតូរោទ៍បង្កសំឡេងរំខាន) ដោយឃាត់ខ្លួនបុរសម្នាក់ដែលកំពុងបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង និងគ្មានបំពង់ស៊ីមាំង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១១នាទីយប់ តាមបណ្ដោយផ្លូវលេខ១៤៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ស៊ុំ រាជ្យ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅបច្ចុប្បន្នភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍រកសារធាតុញៀន ដែលបង្ហាញលទ្ធផលអវិជ្ជមាន (-)។ ទោះជាយ៉ាងណា កម្រិតជាតិអាល់កុលក្នុងខ្លួនរបស់ជនសង្ស័យមានរហូតដល់ ១.៥១១mg/L។ វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាក Yamaha MX King ពណ៌ក្រហម ផលិតឆ្នាំ២០២២** ពាក់ផ្លាកលេខភ្នំពេញ1JY-0524 (លេខតួ117302)**។

    យោងតាមរបាយការណ៍របស់សម្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍បែកចាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ចូលក្នុងគ្រុបតេឡេក្រាមព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ថា មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងរោទ៍ទៅរោទ៍មកជាច្រើនត្រឡប់តាមបណ្ដោយផ្លូវ១៤៣។ ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន សហការជាមួយកម្លាំងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងម៉ូតូ១គ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ ខ្លួនបានផឹកស៊ីជាមួយបក្ខពួកនៅផ្ទះ។ លុះពេលស្រវឹង ក៏បានខ្ចីម៉ូតូពីប្អូនជីដូនមួយជិះសាក ហើយបានជិះរោទ៍បំពង់ស៊ីមាំងទៅមកប្រហែល ៣-៤ ត្រឡប់ តាមបណ្ដោយផ្លូវ១៤៣។ ជនសង្ស័យបានបញ្ជាក់ថា ចំពោះម៉ូតូនោះ ទើបតែទៅដោះស្រាយចេញពីអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយកម្លាំងនគរបាលបានដកហូតបំពង់ស៊ីមាំងរក្សាទុក ទើបម៉ូតូនោះគ្មានបំពង់ស៊ីមាំង។

    បច្ចុប្បន្ន ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញបានស្នើសុំគោលការណ៍អប់រំជនសង្ស័យរយៈពេល ៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ។ ចំណែកមធ្យោបាយម៉ូតូបានស្នើសុំគោលការណ៍រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល ០៣ខែ។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.