Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

    June 4, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ក្នុងចំណោមជនសង្ស័យ មាន១នាក់ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួចម៉ូតូ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៤០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

    សមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ ស្រស់ ពេទ្យ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ២ឆ្នាំ ២ខែ ពីបទលួចម៉ូតូ)។ ឈ្មោះ មាន ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ឈ្មោះ រដ្ឋា ម៉ានុត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យទាំង ៣នាក់ ខាងលើ សុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន)។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ១កញ្ចប់តូច ទម្ងន់ ០,២១ក្រាម, ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាដ្រីម សេរីឆ្នាំ២០១៦** ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FL-8296។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតតាមភូមិសាស្រ្តក្នុងឃុំ ក៏បានជួបជនសង្ស័យឈ្មោះ ស្រស់ ពេទ្យ, ឈ្មោះ មាន ដេវីត និងឈ្មោះ រដ្ឋា ម៉ានុត កំពុងជិះម៉ូតូតាមផ្លូវ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំ និងឆែកឆេរ រកឃើញថ្នាំញៀនចំនួន ១កញ្ចប់តូច នៅក្នុងហោប៉ៅខោឈ្មោះ មាន ដេវីត។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកទាំង ៣នាក់ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបដើម្បីសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មាន ដេវីត បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសម្នាក់ឈ្មោះ នឿន នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ក្នុងតម្លៃ ១៥.០០០រៀល (មួយម៉ឺនប្រាំពាន់រៀល) ដើម្បីប្រើប្រាស់ជាមួយឈ្មោះ ស្រស់ ពេទ្យ និងឈ្មោះ រដ្ឋា ម៉ានុត។

    យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចបានបន្តតាមរកជនសង្ស័យឈ្មោះ នឿន ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.