Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន

    May 28, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកពញាឮ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈមុខសញ្ញាចាស់ម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៥០ នាទី នៅភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាគ្រឿងញៀនកំពុងធ្វើសកម្មភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុ។

    ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង ប៉ុស្តិ៍វិហារលួង និងប៉ុស្តិ៍ផ្សារដែក បានចុះទៅដល់ចំណុចកើតហេតុ ហើយប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន។ ឃើញដូចនេះ កម្លាំងនគរបាលក៏បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ រួមនឹងវត្ថុតាងថ្នាំញៀនចំនួន ០១ កញ្ចប់តូច។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សយ មន្នី ហៅ ហុក ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។ តាមការពិនិត្យទឹកនោម ជនសង្ស័យមានសារធាតុញៀននៅក្នុងខ្លួន (វិជ្ជមាន)។

    វត្ថុតាងដែលចាប់យករួមមាន៖ ១. សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ០១ កញ្ចប់តូច ទម្ងន់សរុប ០,៩៣ ក្រាម។ ២. ទូរសព្ទ័ដៃចំនួន ០១ គ្រឿង ម៉ាក អ៉ិនចុចពិល ពណ៌ខ្មៅ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សយ មន្នី ហៅ ហុក នៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ថ្នាំញៀនចំនួន ០១ កញ្ចប់តូចដែលសមត្ថកិច្ចរកឃើញ គឺពិតជារបស់ខ្លួនប្រាកដមែន គឺខ្លួនបានយកទៅលក់បន្តឲ្យគេក្នុងតម្លៃ ៣០,០០០ រៀល (បីម៉ឺនរៀល)។ ថ្នាំញៀនដែលខ្លួនយកមកលក់បន្តនេះ គឺខ្លួនបានទិញមកពីជនសង្ស័យឈ្មោះ នុត សុខហេង ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយខ្លួនទិញក្នុងតម្លៃ ២០,០០០ រៀល (ពីរម៉ឺនរៀល) តាមរយៈការទំនាក់ទំនងតាមលេខទូរស័ព្ទ។ ជនសង្ស័យបានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់បានទិញថ្នាំញៀនយកមកលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង គឺទិញមកពីឈ្មោះ នុត សុខហេង នេះជាច្រើនដងមកហើយ។ ជនសង្ស័យឈ្មោះ នុត សុខហេង នេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ពីបទជួញដូរគ្រឿងញៀនរួចមកហើយ។

    យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សយ មន្នី ហៅ ហុក កម្លាំងសមត្ថកិច្ចជំនាញបានបន្តចុះស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះ នុត សុខហេង នៅចំណុចទីតាំងភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ប៉ុន្តែជនសង្ស័យបានរត់គេខ្លួនបាត់។

    បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សយ មន្នី ហៅ ហុក និងសម្ភារៈវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវិធីច្បាប់។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.