Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ជនជាតិបង់ក្លាដេស ២នាក់ បើកម៉ូតូឌុបគ្នាទៅបុកពីក្រោយរថយន្តដឹកទំនិញធន់ធំ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    July 14, 2024Updated:July 14, 2024No Comments

    បុរសជនជាតិបង់ក្លាដេសម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសបាក់ដៃខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដែលកំពុងឈប់នៅលើទ្រូងផ្លូវ ។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

    បុរសជនជាតិបង់ក្លាដេសដែលបាត់បង់ជីវិតខាងលើ មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ៤០ឆ្នាំ ជាអ្នកឌុប ។ ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះ ម៉ូស្សារ៉ូហ្វ ផាវេស (MOSHAROF PARVES) អាយុ ២៥ឆ្នាំ ជាអ្នកជិះពីក្រោយ ។

    សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនជនជាតិបង់ក្លាដេសទាំង ២នាក់ ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CLICK ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AI-9992 ក្នុងល្បឿនលឿន មានទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌បៃតងចាស់ ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ភ្នំពេញ 3D-7855 ដែលកំពុងឈប់នៅលើទ្រូងផ្លូវអែបខាងស្ដាំ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ រីឯអ្នករួមដំណើរពីក្រោយ រងរបួសបាក់ដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ។ ចំណែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ ។

    បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែង និងនាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុក នៅអធិការដ្ឋាននករបាលក្រុងតាខ្មៅ ចំណែកសាកសពជនរងគ្រោះត្រូវបានយកមកតម្កល់ទុកនៅមន្ទីរពេទ្យជ័យជំនះដើម្បីស្រាវជ្រាវរកសាច់ញ្ញាតិ ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ត ឈប់រថយន្តនៅលើទ្រូងផ្លូវមិន ដាក់សញ្ញាសម្គាល់នៅពីក្រោយឲ្យបានត្រឹមត្រូវ ដើម្បីឲ្យយានធ្វើដំណើរមកពីក្រោយបានដឹក ។ ចំណែកអ្នកបើកបរម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្នមិនពិនិត្យមើលទៅមុខឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.