Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ ៣នាក់ ដែលដើរធ្វើសកម្មភាពនៅតាមខេត្ត រួចរត់មករាជធានីភ្នំពេញ

    May 16, 2025No Comments

    កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស៊ើបអង្កេត និងដឹកនាំកិច្ចប្រតិបត្តិការសហការដ៏ធំមួយ ដើម្បីបង្ក្រាបក្រុមចោរឆក់ដែលមានបណ្ដាញធ្វើសកម្មភាពឆ្លងខេត្ត ហើយតែងរត់គេចខ្លួនមករាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តផ្សេងៗ។

    ការស៊ើបអង្កេតនេះផ្តើមចេញពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានកើតឡើងនៅត្រង់ចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី។ ក្នុងហេតុការណ៍នោះ ជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូ០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ ធាវ សុខរ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ។

    ក្រោយមានករណីនេះ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញបទបញ្ជាឱ្យកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី សហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ខេត្តកំពត, ខេត្តកណ្តាល, អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌ៧មករា រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ។ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០៥នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ វាស្នារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ នៅត្រង់ចំណុច ភូមិដា ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ បន្ទាប់មកទៀត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥:១០នាទី សមត្ថកិច្ចបានបន្តឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ទៀត រួមមាន៖ ឈ្មោះ ម៉េង គីមហ៊ួយ ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ត្រង់ចំណុច ភូមិជុំគ្រៀង ឃុំជុំគ្រៀង ស្រុកទឹកឈូ ខេត្តកំពត និងឈ្មោះ ឆេង គ័ង ភេទប្រុស អាយុ២៩ឆ្នាំ ត្រង់ចំណុចផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ សរុបជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះមានចំនួន ០៤នាក់។

    ជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុច ភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពិតប្រាកដមែន។ ចំពោះសំភារៈ (គ្រឿងអលង្ការ) ដែលខ្លួនបានពីជនរងគ្រោះ គឺពួកខ្លួនបានយកទៅលក់នៅ ០២ទីតាំងផ្សេងគ្នា ទីតាំងទី១ នៅចំណុចក្រុងអរិយក្សត្រ, ទីតាំងទី២ នៅចំណុចស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ បន្ទាប់មកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញបានចុះដល់ទីតាំងដែលទទួលទិញគ្រឿងអលង្ការទាំង០២កន្លែងខាងលើ ដោយបានដកហូតគ្រឿងអលង្ការមួយចំនួន ដើម្បីយកប្រគល់ជូនជនរងគ្រោះវិញ។

    បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.